ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេស កំពុងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសង ក្នុងកាសុីណូ ឡើយ ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា។

ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់មានការណ៍ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរី
ព្រួយបារម្ភៈពេលប្តីនិងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។
បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រា (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកសារព័ត៌មានយើងថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វាតំបន់ព្រំដែនសំរោង ស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្រ្ទា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយ ដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋភិបាល បិទបាន១រយៈ ស្រាប់តែលោកបានទទួលព័ត៌មានពីអាជ្ញាធរ រាយការណ៍ថា កាស៊ីណូ៦៧ ស្រម៉ បើកដំណើរការល្បែងបញ្ជល់មាន់ វិញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលចាក់ភ្នាល់ល្បែងជល់មាន់ដោយសេរី ។

លោកបានបញ្ជាក់ថា តាមអាជ្ញាធររាយការណ៍ ទីតាំងកាស៊ីណូ៦៧ នេះ គឺម្ចាស់មានងារជាឧកញ៉ា មិនដឹងថា គេមានច្បាប់ឬអត់ច្បាប់នោះទេ ដោយសារនេះគឺជា កាស៊ីណូ ដូច្នេះសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចូលទេ ហើយការបើកឲ្យខ្មែរចូលលេងល្បែងកាស៊ីណូនេះ លោកបានត្រឹមតែរាយការណ៍ជូនថ្នាក់លើបន្តប៉ុណ្ណោះ។

ទាក់ទិនករណីកាស៊ីណូ៦៧បើកល្បែងបញ្ជល់មាន់ហើយបើកឲ្យខ្មែរចូលចាក់ភ្នាល់មាន់ជល់នេះដែរ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ តាមឆាតតេឡេក្រាមថា លោក និង ពិនិត្យមើលព័ត៌មាននេះ។ ចំណែកសមត្ថកិច្ចម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា ម្ចាស់កាស៊ីណូ ប្រាប់លោកថា គេមានច្បាប់បើកឲ្យខ្មែរចូលលេង ដោយគេប្រមូលក្រុមញៀនល្បែងតាមបណ្តាខេត្តនានា មកលេងនៅកាសុីណូ ៦៧ ស្រម៉នេះ។

ទាក់ករណីនេះដែរមិនអាចរកការបំភ្លឺពីលោកឧកញ៉ា ដែលជា ថៅកែកាស៊ីណូ៦៧ស្រម៉បានទេ ដោយសន្តិសុខកាស៊ីណូមិនអនុញ្ញាតឲ្យចូលជួបសម្ភាស៍ នោះឡើយ ៕


ដោយ : លោក វិរ: ភ្នាក់ងារប្រចាំខេត្ត ស្វាយរៀង
