
ស្វាយរៀង៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើល និងប្រតិកម្មតវ៉ាពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្តបាយ៉ាប់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជុំវិញករណីផ្សឹកព្រះចៅអធិការវត្ត និងការតែងតាំងចៅអធិការថ្មីក្នុងរយៈពេលដ៏ខ្លីមិនទាន់បានមួយថ្ងៃផង។
យោងតាមប្រភពពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានឱ្យដឹងថា ការសម្រេចផ្សឹកចៅអធិការវត្ត និងការប្រកាសតែងតាំងចៅអធិការថ្មីដែលធ្វើឡើងយ៉ាងតក់ក្រហល់ មិនទាន់គ្រប់២៤ម៉ោងផងនោះ បានបង្កឱ្យមានការងឿងឆ្ងល់ មិនអស់ចិត្ត និងការតវ៉ាពីពុទ្ធបរិស័ទ ខណៈដែលករណីនេះក៏បានទាក់ទាញការចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
ពុទ្ធបរិស័ទចំណុះជើងវត្តបាយ៉ាប់ បានសម្តែងក្តីបារម្ភចំពោះស្ថិរភាព និងការគ្រប់គ្រងនៅក្នុងទីអារាម ព្រមទាំងបានស្នើសុំដល់ មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ជួយពិនិត្យ និងបំភ្លឺអំពីមូលហេតុ ព្រមទាំងនីតិវិធីនៃការផ្សឹក និងការតែងតាំងចៅអធិការថ្មីនេះ ឱ្យបានច្បាស់លាស់ និងតម្លាភាព ដើម្បីបំបាត់មន្ទិលសង្ស័យរបស់ពុទ្ធបរិស័ទ។
គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២៦ នេះ មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថា រឿងដែលកើតឡើងនៅវត្តបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ដោយព្រះគ្រូឆៅអធិការលាចាកសិក្ខាបទភ្លាមនិងតែងតាំងភ្លាមមិនមែនជាការតែងតាំងព្រះចៅអធិការពេញសិទ្ធិនោះទេគ្រាន់តែជាការតែងតាំងព្រះចៅអធិការស្ដីទីតែប៉ុណ្ណោះ ដោយនិមន្តលោកមកពីស្វាយជ្រុំ តាមការដឹកនាំរបស់ព្រះអនុគណស្រុកស្វាយជ្រុំគឺព្រះតេជគុណសេក ម៉ៅ ព្រះអនុគណស្រុកស្វាយជ្រុំ និងជាព្រះគ្រូចៅអធិការវត្តស្វាយប្រហួត ដោយមិនបាច់សុំការអនុញ្ញាតពីមន្ទីរធម្មការនិងសាសនាខេត្តឡើយ។
ចំណែកឯ ព្រះតេជគុណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និង ព្រះតេជគុណ សេក ម៉ៅ ព្រះអនុគណស្រុកស្វាយជ្រុំ បានសុំការបំភ្លឺតាមប្រព័ន្ធ តេលេក្រាម ផងដែរនៅវេលាម៉ោង ជាង ៤ រសៀលនៅថ្ងៃទី ២០ ខែវិច្ឆិការ ឆ្នាំ២០២៦ តែព្រះតេជគុណ ទាំងពីរព្រះអង្គ នៅមិនទាន់ ឃើញ ចូល ស្តាប់ និង ឆ្លើយតបឡើយ ។
រីឯលោក ញ៉ែម សារី អភិបាលរងខេត្ត ស្វាយរៀង ទទួលបន្ទុកការងារ ធម្មការ និង សាសនា លោក បានបំភ្លឺថា «បាទសូមអរគុណលោកប្អូន ដែលបានសួរសំនួរនេះ មកខ្ញុំ ដើម្បីឲ្យខ្ញុំដឹង ព័ត៌មានខ្ញុំអត់ទទួលបានសោះ រឿងនេះទើបលឺលោកប្អូន បានប្រាប់ខ្ញុំនេះ ខ្ញុំនិងសួរនាំ ទៅលោកប្រធានស្តីទី ធម្មការ និង សាសនា វត្តដែលលោកប្អូននិយាយនៅក្នុងភូមិឃុំ ស្រុកណាទេ បាទចាំមើលខ្ញុំស្រាវជ្រាវករណីនិង រឿងយ៉ាងមិច ហើយខ្ញុំនិងផ្តល់ព័ត៌មានវិញឲ្យបានជ្រាប អំពីកិច្ចការនេះ បាទ សូមអរគុណ» ។
ជុំវិញរឿងរ៉ាវមួយនេះ អង់ភាពសារព័ត៌មាន យើង សង្ឃឹមថា និង ទទួលបាន ការបំភ្លឺ ឆ្លើយតបពី អាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធឆាប់ៗ ផង ។
