អតីតពលករ និងយុវជននៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងទទួលបានជម្រើសថ្មីសម្រាប់ការងារក្នុងស្រុក ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនប្រជាពលរដ្ឋជិត ៦០០នាក់ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួងកំពុងសម្របសម្រួលនាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការស្វែងរកការងារ។
ឯកឧត្តមបានលើកឡើងថា ការងារក្នុងស្រុកអាចផ្តល់ស្ថិរភាពជីវភាព អនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅជួបជុំគ្រួសារ និងទទួលបានការការពារពី ប.ស.ស. លើហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ផ្ទុយទៅវិញ ការធ្វើចំណាកស្រុកអាចប្រឈមនឹងបញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង និងការឃ្លាតឆ្ងាយពីគ្រួសារ។ ដូច្នេះ ឯកឧត្តមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈអ្នកដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស គួរជ្រើសរើសតាមរយៈក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីធានាសុវត្ថិភាព អត្ថប្រយោជន៍តាមច្បាប់ និងទទួលបានប្រាក់ឈ្នួលខ្ពស់។
ក្រៅពីការផ្តល់ឱកាសការងារ ឯកឧត្តមបញ្ជាក់ថា ក្រសួងបន្តពង្រឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅខេត្តកោះកុង តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី TVET ១,៥លាន។ កម្មវិធីនេះអនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋសិក្សាជំនាញដោយឥតគិតថ្លៃ ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡនជាដើម។ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីជួយឱ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្រប និងបង្កើនឱកាសការងារ។
សូមបញ្ជាក់ថា ឱកាសការងារចំនួន ៩៦០កន្លែង ដែលបាននាំមកដល់មូលដ្ឋាន ត្រូវបានផ្តល់ដោយរោងចក្រ ខេខេអិន អឹភែរឹល ខូអិលធីឌី, រោងចក្រ ហាណា មីក្រូ អេឡិកត្រូនិក ខូអិលធីឌី, រោងចក្រ ៩៩ អ៊ីមប្រយឌើរី កោះកុង ,រោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់(នៅខេត្តកោះកុង) ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ។ សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារ អាចទាក់ទងតាមរយៈទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ការផ្គូផ្គងឱកាសការងារ និងលេខ ១២៨៦ ពាក់ព័ន្ធនឹងសេវា ប.ស.ស.៕






